ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការបញ្ជូលសមាជិកសមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាគណបក្ស ដែលមានធនធានមនុស្ស គ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការបង្កើត និងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដូចនេះ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ចំនួន ៤២៤៦នាក់ មកពី ៥០៣ភូមិ ក្នុងឃុំចំនួន៤៩ ស្រុកចំនួន៣ គឺស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំនៃខេត្តត្បូងឃ្មុំ ដែលស្ម័គ្រចិត្តចូលរួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាជាច្រើនរូប។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ជានិច្ចកាល គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដោយរក្សាឱ្យបាននូវសាមគ្គីភាព កុំជឿពាក្យញុះញង់ពីក្រុមអគតិមួយចំនួន ដែលមានបំណងបំផ្លិចបំផ្លាញកិត្តិយសកម្ពុជា និងការរីកចម្រើនរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការបញ្ជូលសមាជិកសមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឃលើគ្រប់វិស័យ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ តំណាងសមាជិកបក្សថ្មី ក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងបានប្ដេជ្ញា បន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស និងបានប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារ សន្តិភាព! នឹងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ចនៅរាល់ការបោះឆ្នោត នាពេលអនាគតផងដែរ៕

By Vireak

Leave a Reply

Your email address will not be published. Required fields are marked *

You missed