ជាឱកាសល្អ សម្រាប់កម្ពុជា ក្រសួងបរិស្ថាន រៀបចំពិធីតាំងពិព័រណ៍ និងចែកដើមឈើដោយឥតគិតថ្លៃ

ភ្នំពេញ៖ បើតាម ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់មកអង្គភាពសារព័ត៌មានយើងនៅថ្ងៃទី ០១ ខែកក្ដដា នេះថា គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួង និងមន្ទីរបរិស្ថានទូទាំងប្រទេស បណ្ដុះកូនឈើបានចំនួន ១,៣៤២,៦៧៩ ដើមរួចហើយ និងមានជាច្រើនប្រភេទ សម្រាប់ធ្វើការចែកជូន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ រដ្ឋបាលខេត្ដ និងប្រជាសហគមន៍ នៅគ្រប់តំបន់ ក្នុងឱកាសតាំងពិព័រណ៍ រយៈពេល ០៣ ថ្ងៃ ខាងមុខនេះ នៅទីធ្លាខាងមុខ ទីស្ដីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទៅ១០ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ រាប់ពីវេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ ម៉ោង ៥:០០ នាទីល្ងាច សូមបញ្ជាក់ផងដែរថា ការចែកជូននូវកូនឈើគ្រប់ប្រភេទ គឺឥតគិតថ្លៃ។

ឯកឧត្ដម បានបន្ដប្រាប់ទៀតថា ព្រឹត្ដិការណ៍ពិព័រណ៍នេះ ជាការផ្ដួចផ្ដើមគំនិតដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដែលស្របទៅតាមយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន លើអទិភាពចំនួនបី ១. ភាពស្អាត ២. ភាពបៃតង ៣. និងចីរភាព។ ទិសដៅលើភាពបៃតង គឺជាការដាំស្ដារឡើងវិញ នូវដើមឈើគ្រប់ប្រភេទ ដូចជា ដើមឈើលំអ ហូបផ្លៃ និងព្រៃឈើ ជាដើម។

ឯកឧត្ដម បានបញ្ជាក់យ៉ាងដូច្នេះថា បើតាមប្រសាសន៍របស់ ឯកឧត្ដមបណ្ឌិត រដ្ឋមន្ដ្រីក្រសួងបរិស្ថានថ្លៃងក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រសួងកន្លងទៅថា ការតាំងពិព័រណ៍ ក្រោមប្រធានបទ «ពន្លកបៃតង» នេះ គឺមានគោលបំណង ផ្សព្វផ្សាយអំពី យុទ្ធនាការដាំដើមឈើ ជាង១លានដើម ដល់សាធារជន, លើកកម្ពស់ការយល់ដឹង និងការចូលរួមពីសាធារណជនលើការងារបណ្ដុះ ការដាំដើមឈើ និងដាំស្ដាព្រៃឈើឡើងវិញ, លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះ ពីសាធារណជន និងអ្នកពាក់ព័ន្ធ, ពង្រឹងកិច្ចសហការ រវាងស្ថាប័ន និងវិស័យឯកជន ជាពិសេស គឺការកសាងបណ្ដាញអ្នកស្រឡាញ់រុក្ខជាតិ ដើមឈើ ជាពិសេស ប្រភេទកេសរកូលព្រៃ ដើម្បីចូលរួម និងគាំទ្រ ដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា, ផ្ដល់ឱកាសដល់វិស័យឯកជន ចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា និងផ្សព្វផ្សាយអំពីភាពសំបូរបែបនៃកេសរកូលព្រៃ រុក្ខជាតិ គ្រឿងទេស បន្លែ និងផ្លែឈើដែលមាន និងកំពុងមានវត្ដមាននៅកម្ពុជា។

ក្នុងឱកាស នៃថ្ងៃរៀបចំពិធីតាំងពិព័រណ៍ដើមឈើ និងចែកដើមឈើ ខាងមុខនេះ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានមានការរំពឹងយ៉ាងមុតមាំថា នឹងមានការចូលរួម ទស្សនា និងមកទទួលយកដើមឈើ យ៉ាងច្រើនកុះករ ពីសំណាក់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ កម្មករ កម្មាការី និងប្រជាពលរដ្ឋទូទាំងនៅតាមសហគមន៍ ដើម្បីជាការចូលរួមដាំស្ដារឡើងវិញ នៅតាមទីអារាម គេហដ្ឋាន សាលារៀន និងទីសាធារណៈ នូវដើមឈើជាច្រើនប្រភេទ សំដៅឲ្យ កម្ពុជានឹងឆ្ពោះទៅកាន់ភាពបៃតង ៦០% នាឆ្នាំ២០៥០ ខាងមុខ។

ជាចុងក្រោយ ឯកឧត្ដម រដ្ឋលេខាធិការ សូមឱ្យបងប្អូន  ក្មួយៗ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ដ្រីរាជការ គ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មកចូលរួមទស្សនា និងមកទទួលយកដើមឈើ គ្រប់ប្រភេទ នៅតាមស្ដង់ពិព័រណ៍យកទៅដាំ ដើម្បីកម្ពុជា ជាប្រទេសគំរូបៃតង ក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ។
ចូលរួមទស្សនាដោយសេរី!

By Vireak

Leave a Reply

Your email address will not be published. Required fields are marked *

You missed