សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី

មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរ​មូល​ដ្ឋានបានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន០៣ន្លែង ដែល​ជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការលួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

អ្នកនាំពាក្យបានបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សនៃការិយាល័យ ដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចូលរួមមន្ត្រី ឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ទីកន្លែង​កើតហេតុខាងលើហើយបានរកឃើញទីតាំងលាក់ឈើមានចំនួន​០៣ន្លែង ដែលជនសង្ស័យបានលួចលាក់ទុកក្នុងដី។

សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូងថា ជនល្មើសអាចកប់ចោល​ឈើក្នុងដី ក្នុងកំឡុងពេលដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥។ ជាលទ្ធផលក្រុមការងារបានបង្ក្រាបនិងដកហូតឈើដូចខាងក្រោម៖

ទី១៖ ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើ​មូលប្រភេទឈ្លីជ ចំនួន ១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០%-២៥%។

ទី២៖ ទីតាំងខាងលើជាអតីតរោងស្នាក់នៅរបស់កម្មករអតីតក្រុមហ៊ុនសម្បទាន មានឈើអារប្រភេទសុក្រម ចំនួន ១៣០សន្លឹក ស្មើ៣,៥២​ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០%។

ទី៣៖ ទីតាំងដែលជនស្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន១៩កំណាត់ស្មើនឹង១,៣៨៣ម៉ែត្រគូប គុណភាពប្រមាណ២០%។

យោងតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងពេលចុះធ្វើប្រតិបត្តិការកម្លាំងសមត្ថកិច្ចពុំបានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុនោះ។ ក្រុមការងារបានប្រមូល វត្ថុតាង មករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី។

លោកបានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការស្នូល ចំនួន៤ចំណុច ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈការអភិវឌ្ឍគម្រោងលំហែបៃតង៕

Leave a Reply

Your email address will not be published. Required fields are marked *